មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ និងផ្សព្វផ្សាយប្រកាស និងបទប្បញត្តិពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល។
កិច្ចប្រជុំរៀបចំឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងគោលបំណង ដើម្បីពិភាក្សា ពិគ្រោះយោបល់ និងផ្សព្វផ្សាយប្រកាស និងបទប្បញត្តិថ្មីៗពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ សម្រាប់មន្ទីរអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ឲ្យមានការយល់ដឹងទូលំទូលាយ ដើម្បីចូលរួមសហការអនុវត្តប្រកាសនេះឲ្យមានប្រសិទ្ធភាព។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា បានមានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំផ្សព្វផ្សាយនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមអភិបាលខេត្ត លើវិស័យអភិវឌ្ឍអចលនវត្ថុ។ ជាក់ស្តែង រាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ បានចេញដំណើរដោយភាពជឿជាក់ និងជាក្តីសង្ឃឹមយ៉ាងមុតមាំរបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្នុងគោលដៅចម្បងរក្សាសុខសន្តិភាព ជំរុញកំនើនសេដ្ឋកិច្ចជាតិ ញាំងឲ្យជីវភាពប្រជាជនល្អប្រសើរ។ កត្តានេះនឹង នាំឲ្យមានតម្រូវការ ដីធ្លី លំនៅឋាន ផ្ទះល្វែង កើនឡើង។ ស្របពេលតម្លៃដីក្នុងក្រុងភ្នំពេញមាតម្លៃខ្ពស់រួចហើយនោះ យើងសង្កេតឃើញថា សកម្មភាពសាងសង់លំនៅឋាន និងពុះដីឡូត៍លក់ កំពុងហូរចូលមកខេត្តកណ្តាលយ៉ាងខ្លាំង ខណៈដែលភូមិសាស្ត្រខេត្តកណ្តាល ព័ទ្ធជុំវិញរាជធានីភ្នំពេញ។ ទន្ទឹមនឹង គម្រោងព្រលានយន្តហោះថ្មី បានលេចចេញជារូបរាងយ៉ាងពិតប្រាកដក្នុងដែនដីខេត្តកណ្តាល បានធ្វើវិស័យអចលនវត្ថុមានសកម្មភាព រីកចម្រើនយ៉ាងផុសផុល។ ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំរីករាយស្វាគមន៍ អាជីវករទាំងអស់ដែលចូលមកប្រកបអាជីវកម្មអភិវឌ្ឍ អចលនវត្ថុ ក្នុងទឹកដីខេត្តកណ្តាល ប៉ុន្តែម្ចាស់អាជីវកម្មទាំងនោះ ត្រូវចូលរួមអនុវត្តតាមច្បាប់ ទាំងអស់គ្នា ដើម្បី ធានាបាននូវ សមធម៌ យុត្តិធម៌ និងធានាផលប្រយោជន៍ស្មើភាពគ្នារវាងអ្នកទិញ និងអ្នកលក់។ ទន្ទឹមនឹងនេះ ខ្ញុំសូម ឲ្យគ្រប់ស្ថាប័នពាក់ពន្ធ័ សមត្ថកិច្ច កងកម្លាំងទាំងអស់ យកចិត្តទុកដាក់ រួមសហការគ្នា អនុវត្តតាមតួនាទី ភារកិច្ចរៀងៗខ្លួន ដើម្បីធានាបាននូវ សន្តិសុខ និង សណ្តាប់ធ្នាប់សង្គម និងជំរុញការប្រមូលចំណូលពីវិស័យអចលនវត្ថុ ទាំងចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធប្រកបដោយប្រសិទ្ធភាព និងសុខដុមនីយកម្មក្នុងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ប្រកបដោយចីរភាព។
លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរង នៃគណៈអភិបាលខេត្ត ដែលបានអញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង កិច្ចប្រជុំពិគ្រោះយោបល់ និងផ្សព្វផ្សាយប្រកាស និងបទប្បញត្តិពាក់ព័ន្ធនឹងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានអញ្ជើញចូលរួមនាថ្ងៃនេះ។
លោកស្រីប្រធានមន្ទីរ បានបន្ថែមថា យោងតាមខ្លឹមសារនៃប្រកាសលេខ ០៤៧ អសហ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ស្តីពី វិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ក្នុងប្រការ៦ ប្រការ៧ ប្រការ១៤ និងប្រការ១៥ ចែងថា រាល់ការធ្វើអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ក្នុងគោលបំណងសម្រាប់លក់ ឬជួលរយៈពេលវែង ត្រូវមានអាជ្ញា បណ្ណពីក្រសួង ឬលិខិតអនុញ្ញាតពីមន្ទីរជាមុន។ ក្នុងនោះ ការធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិដែលមានទំហំចាប់ពី ០៣ ដល់ ៣០ ល្វែង, ឬ០៣ ដល់ ៣០ភូមិគ្រឹះ, ឬ០៣ ដល់ ៣០យូនីត, អាជីវកម្មអភិវឌ្ឍដីឡូត៍ដែលមានទំហំ ១០,០០០ម៉ែត្រការ៉េ (១ហិចតា) ត្រូវមានលិខិតអនុញ្ញាតពីមន្ទីរជាមុន។ ការធ្វើអាជីវកម្មអភិវឌ្ឍលំនៅឋាន ឬអគារសហកម្មសិទ្ធិដែលមានទំហំលើសពី ៣០ល្វែង ឬលើសពី ៣០ភូមិគ្រឹះ ឬលើសពី ៣០យូនីត អាជីវកម្មអភិវឌ្ឍដីឡូត៍ដែលមានចាប់ពីទំហំ ១០,០០០ម៉ែត្រការ៉េ (១ហិចតា) ត្រូវមានអាជ្ញាបណ្ណពីក្រសួងជាមុន។ កន្លងមកនេះ យើងសង្កេតឃើញថា មានអ្នកអភិវឌ្ឍអចលនទ្រព្យមួយចំនួន បានកំពុងប្រកបអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវ ដែលធ្វើឲ្យពលរដ្ឋលែងមានជំនឿទុកចិត្ត និងប៉ះពាល់ដល់វិស័យ អចលនវត្ថុ។ ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលបានដាក់ចេញនូវអនុក្រឹត្យលេខ ៥០ អនក្រ.បក ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។ ក្នុងនោះអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ក៏ដាក់ចេញនូវប្រកាសលេខ ០៤៧ អសហ.ប្រក ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពី វិធាន និងនីតិវិធីនៃការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។